✍ព័ត៌មានជាតិ៖ កូនបង្កើតប្រើគ្រឿងញៀនដេញកាប់ឪពុកម្ដាយ ត្រូវសមត្ថកិច្ចស្រុកសំរោងចាប់បានហើយ
.ខេត្តតាកែវ✍នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្លា បង្ក្រាបជនសង្ស័យម្នាក់ដែលជាមុខសញ្ញា
ប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យនេះ ត្រូវបានរាយការណ៍ថា បានយកកាំបិតបុ័ងតោដេញកាប់ឪពុក និងម្ដាយរបស់ខ្លួន នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ សំណាក់សមត្ថកិច្ចឱ្យដឹងថា សកម្មភាពដ៏អាក្រក់នេះកើតឡើងក្រោមឥទ្ធិពលនៃគ្រឿងញៀន ដែលបានបំផ្លាញសភាពផ្លូវចិត្ត និងធ្វើឱ្យបាត់បង់សមត្ថភាពគិតពិចារណា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចគ្រប់គ្រងយកទៅសាកសួរបន្ថែម ដើម្បីធ្វើនីតិវិធីតាមច្បាប់។
សមត្ថកិច្ចបានអំពាវនាវឲ្យប្រជាពលរដ្ឋជៀសវាងការប្រើប្រាស់ និងពាណិជ្ជកម្មគ្រឿងញៀនគ្រប់ប្រភេទ ដោយសារវាជាភ្នាក់ងារបំផ្លិចបំផ្លាញគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

