✍ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ តភ្ជាប់បាត់ដំបង – ពោធិ៍សាត់ – កោះកុង
ប្រវែងជាង១៩៧គីឡូម៉ែត្រនៅតំបន់ខេត្តពោធិ៍សាត់
រាជរដ្ឋាភិបាលបានបញ្ជាក់ថា ផ្លូវជាតិលេខ១០
✍ដែលកំពុងសាងសង់ ក្លាយជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ តាមភូមិសាស្ត្រឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៧គីឡូម៉ែត្រ។
តាមការវាយតម្លៃ បណ្ដាញផ្លូវជាតិនេះនឹងក្លាយជាចរន្តជំរុញសកម្មភាពសេដ្ឋកិច្ចរវាងខេត្តទាំងបី និងជាឱកាសបន្ថែមសម្រាប់វិស័យទេសចរណ៍ ដោយអាចផ្តល់ជាជម្រើសថ្មីក្នុងការធ្វើដំណើរកំសាន្តទៅតំបន់ភ្នំ និងតំបន់សមុទ្ររបស់ប្រទេស។ ការកសាងផ្លូវនេះក៏ជាការអនុវត្តន៍យ៉ាងជាក់ស្តែងនៃ
✍យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលបំណងពង្រឹងសរសៃឈាមសេដ្ឋកិច្ច បង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាសវិនិយោគ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋ។
ផ្លូវជាតិលេខ១០ ក៏បានឆ្លងកាត់តំបន់ភ្នំខ្ពស់ និងជ្រោះជ្រលងដងអូរស្ទឹងដែលមានធម្មជាតិដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ ក៏មានស្ពានដែលកំពស់ខ្ពស់បំផុតមួយ តភ្ជាប់ពីកំពូលភ្នំពីម្ខាងទៅម្ខាង បង្កើតទាក់ទាញភាពទេសចរណ៍ និងទស្សនីយភាពធម្មជាតិថ្មីៗសម្រាប់ភ្ញៀវទេសចរណ៍។
ផ្លូវជាតិលេខ១០ ត្រូវបានរំពឹងថានឹងមានតួនាទីមួយក្នុងការតភ្ជាប់ខេត្តតំបន់ពាយ័ព្យទៅកាន់ខេត្តតំបន់ភាគនិរតី និងក្លាយជាដុំខ្នងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍របស់ប្រទេសកម្ពុជា។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍











