✍ប្រជាពលរដ្ឋកម្ពុជា អំពាវនាវសហគមន៍អន្តរជាតិ
ពិនិត្យសកម្មភាពមេដឹកនាំថៃភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាម្នាក់ បានបង្ហាញការព្រួយបារម្ភ និងការរិះគន់ចំពោះសេចក្តីថ្លែងការណ៍ និងសកម្មភាពរបស់នាយករដ្ឋមន្ត្រីថៃ ដោយចាត់ទុកថា មិនសមស្របនឹងក្រមសីលធម៌ និងតួនាទីជាមេដឹកនាំរដ្ឋឡើយ។
✍យោងតាមមតិរបស់ប្រជាពលរដ្ឋរូបនេះ នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឲ្យកម្ពុជាដកអាវុធ ដកកម្លាំងទ័ព និងដោះមីន ប៉ុន្តែជាការផ្ទុយពីសេចក្តីថ្លែងការណ៍នោះ គេបានចោទប្រកាន់ថា ភាគីថៃបានបញ្ជាឲ្យមានការប្រើប្រាស់កម្លាំងយោធា រួមទាំងការវាយប្រហារតាមអាកាស ដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័នស៊ីវិលមួយចំនួន។
ការចោទប្រកាន់នេះ អះអាងថា ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទីសក្ការបូជារបស់ប្រជាជនកម្ពុជា បានរងផលប៉ះពាល់ពីសកម្មភាពយោធាដែលត្រូវបានគេចាត់ទុកថា ល្មើសច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។
✍ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា មតិនេះបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការពាក់ព័ន្ធ ពិនិត្យ និងស៊ើបអង្កេតសកម្មភាពទាំងនេះដោយឯករាជ្យ ព្រមទាំងស្នើឲ្យនាំយកមេដឹកនាំថៃដែលត្រូវបានចោទប្រកាន់ ទៅកាន់តុលាការឧក្រិដ្ឋអន្តរជាតិ ដើម្បីកាត់ទោសតាមច្បាប់អន្តរជាតិ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់។
ប្រជាពលរដ្ឋរូបនេះ ក៏បានអំពាវនាវឲ្យភាគីទាំងអស់ ប្រើប្រាស់វិធានការសន្តិភាព ការចរចាតាមផ្លូវការទូត និងការគោរពច្បាប់អន្តរជាតិ ជាអាទិភាព ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងរក្សាសន្តិភាពក្នុងតំបន់។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ








