ព័ត៌មានសន្តិភាពប៉ុស្តិ៍
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។បានអញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារថ្មីព្រឹទ្ធសភា) ដែលប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ពិធីនេះមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងបណ្ដាសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភក្នុងការកសាងអគារវិមានសាមគ្គីភាព។ ក្នុងឱកាសនោះ សម្ដេចទាំងពីរបានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា និងចម្រើនព្រះបរិត្ត ដោយមានសម្ដេចព្រះសង្ឃចំនួន ០៩ អង្គ។បន្ទាប់ពីពិធីសាសនា
សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំ បានអញ្ជើញពិនិត្យមើលបន្ទប់សំខាន់ៗនៃអគារវិមានសាមគ្គីភាព ព្រឹទ្ធសភា ក្នុងបរិយាកាសរីករាយ។
សូមជម្រាបថា អគារវិមានសាមគ្គីភាព ព្រឹទ្ធសភាថ្មី មានទំហំ ៧៩ ម៉ែត្រ x ៤៧ ម៉ែត្រ កម្ពស់ ៤ ជាន់ ចាប់ផ្តើមសាងសង់
តាំងពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលខាងមុខ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។ អគារនេះត្រូវបានកសាងឡើងដោយថវិកាបណ្ដាសប្បុរសជន ដែលជាភស្តុតាងនៃសាមគ្គីភាព និងការរួបរួមជាតិដ៏រឹងមាំ។



























