✍ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺជាកាតព្វកិច្ច និងជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់បុគ្គលម្នាក់ៗ ព្រមទាំងការរីកចម្រើនរបស់សង្គមជាតិទាំងមូល។
១.សុខភាព៖ មូលដ្ឋានគ្រឹះដំបូងនៃជីវិត
*សុខភាពល្អជាដើមទុន៖ ការយកចិត្តទុកដាក់លើសុខភាពត្រូវចាប់ផ្តើមតាំងពីវ័យក្មេង ដើម្បីឱ្យពលរដ្ឋម្នាក់ៗមានរាងកាយមាំមួន ក្លាយជាធនធានដ៏មានតម្លៃរបស់គ្រួសារ និងសង្គមជាតិ ដោយមិនក្លាយជាបន្ទុកនៃបញ្ហាសុខភាព។
*ការវិនិយោគសង្គមកិច្ច៖ រាជរដ្ឋាភិបាលបានដាក់ចេញ និងពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាព្យាបាល ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែល្អប្រសើរ។
២.ចំណេះដឹង និងបំណិន៖ អាវុធគន្លឹះក្នុងសម័យទំនើប
*សមត្ថភាព និងជំនាញពិតប្រាកដ៖ មានសុខភាពល្អហើយ ត្រូវតែមានចំណេះដឹង បំណិនជីវិត និងជំនាញច្បាស់លាស់ ទើបអាចចូលរួមអភិវឌ្ឍសង្គម និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបាន។
*ការចាប់យកបច្ចេកវិទ្យា៖ ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិស័យឧស្សាហកម្មថ្មីៗ កម្ពុជាត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យយុវជនមានលទ្ធភាពប្រកួតប្រជែងខ្ពស់។
៣.ការងារ និងចំណូល៖ ផ្លែផ្កានៃការខិតខំប្រឹងប្រែង
*ឱកាសការងារសមស្រប៖ ការបណ្តុះបណ្តាលជំនាញត្រូវដើរទន្ទឹមគ្នាជាមួយនឹងការបង្កើតឱកាសការងារ ធានាថាប្រជាពលរដ្ឋមានការងារធ្វើសមស្របតាមកម្រិតចំណេះដឹង និងជំនាញរបស់ខ្លួន។
*ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៖ ពេលដែលពលរដ្ឋមានទាំងចំណេះដឹង និងសុខភាពល្អមាំមួន វានឹងបង្កើតបានជាឱកាសការងារប្រកបដោយផលិតភាពខ្ពស់ ដែលមិនត្រឹមតែជួយដល់ជីវភាពបុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
✍«ការកសាងធនធានមនុស្សប្រកបដោយគុណភាព គឺត្រូវផ្តោតលើ សុខភាព ចំណេះដឹង និងការងារ ដែលជាត្រីវិស័យនាំឆ្ពោះទៅរកភាពជោគជ័យទាំងកម្រិតបុគ្គល និងសង្គមជាតិ។»
✍រៀបរៀងអត្ថបទផ្សាយ
នាយកប្រតិបត្តិ(សន្តិភាពប៉ុស្តិ៍)។











