ព័ត៌មានផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw
នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជា និង ថៃ បានចាប់ផ្តើមអនុវត្ត ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ដំណាក់កាលទី១ពីតំបន់ជម្លោះតាមបណ្តោយព្រំដែន។
ការអនុវត្តនេះត្រូវបានធ្វើឡើងក្រោម ការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានភារកិច្ចធានាថា ការដកឧបករណ៍យោធានេះប្រព្រឹត្តទៅតាមកិច្ចព្រមព្រៀងសន្តិភាព និងក្រមព្រិត្តិការរួមរបស់អង្គសហប្រជាជាតិ។
ដំណាក់កាលទី១ នេះមានគោលបំណងក្នុងការកាត់បន្ថយភាពតានតឹង និងបង្កើតសេចក្តីទុកចិត្តរវាងកងកម្លាំងទាំងពីរផ្នែក ដោយធ្វើការដកយុទ្ធោបករណ៍ធុនធ្ងន់ ដូចជា រថក្រោះ ប្រព័ន្ធបាញ់រ៉ុក្កែត និងអាវុធធំៗផ្សេងទៀត ទៅកាន់ទីតាំងដើម។ ការចាប់ផ្តើមអនុវត្តនេះក៏ត្រូវបានគេសង្កេតថា ជាជំហានសំខាន់មួយសម្រាប់ការរីកចម្រើននៃ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលទើបតែចុះហត្ថលេខានៅចុងខែតុលាមុននេះ។
អ្នកសង្កេតការណ៍អាស៊ាន (AOT) បានបញ្ជាក់ថា នឹងបន្តធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ នៅតាមតំបន់ព្រំដែន ដើម្បីធានាថា ការអនុវត្តន៍ដំណាក់កាលបន្ទាប់នឹងប្រព្រឹត្តទៅដោយសេចក្ដីសុខដុម និងភាពជោគជ័យ។
ការចាប់ផ្តើមដំណាក់កាលនេះត្រូវបានសង្កេតឃើញថា ជាសញ្ញាបង្ហាញពីការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពតំបន់។
រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ


















