✍មានលក្ខណៈព័ត៌មានវិភាគសង្ខេបខ្លី
និងផ្អែកលើទ្រឹស្តីយោធា និងច្បាប់អន្តរជាតិ✍ការប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH របស់ថៃ ដែលផលិតនៅប្រទេសកូរ៉េខាងត្បូង ជំនួសឲ្យយន្តហោះចម្បាំងជួរមុខដូចជា F-16 ឬ Gripen អាចបណ្តាលមកពីហេតុផលយុទ្ធសាស្ត្រជាចម្បង។ T-50TH គឺជាយន្តហោះហ្វឹកហាត់បែបប្រយុទ្ធ ដែលមានតម្លៃប្រតិបត្តិការថោកជាង ងាយបញ្ជូន និងអាចប្រើសម្រាប់បេសកកម្មកម្រិតទាប ឬបេសកកម្មដែលចង់កាត់បន្ថយការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។ ខណៈដែល F-16 និង Gripen ត្រូវបានចាត់ទុកជាយន្តហោះចម្បាំងធ្ងន់ ដែលការប្រើប្រាស់វាអាចបង្កការឆ្លើយតបខ្លាំងពីអន្តរជាតិ និងបង្កើនភាពតានតឹងយោធាខ្ពស់ជាងមុន។
✍យ៉ាងណាក៏ដោយ មិនថាប្រើយន្តហោះចម្បាំងប្រភេទណាក៏ដោយ ការវាយប្រហារលើ ជនស៊ីវិល ឬ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ តាម អនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ ការហាមឃាត់នេះអនុវត្តលើអាវុធគ្រប់ប្រភេទ មិនថាជាយន្តហោះហ្វឹកហាត់ ឬយន្តហោះចម្បាំងពេញលេញឡើយ។ ប្រទេសណាដែលប្រើកម្លាំងយោធាដើម្បីឈ្លានពាន ឬវាយប្រហារលើគោលដៅស៊ីវិល អាចត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មសង្គ្រាម នៅកម្រិតអន្តរជាតិ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ

