រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ លឹមហុង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បឹងសាឡាង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការអនុវត្តការងារគណបក្សប្រចាំឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៃ។
នៅក្នុងឱកាសនោះ អង្គប្រជុំបានស្តាប់ការផ្សព្វផ្សាយអំពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីលទ្ធផលសំខាន់ៗ និងសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្ស។ ទន្ទឹមនឹងនេះ ក៏បានលើកឡើងអំពីបញ្ហាប្រឈមនានា និងដាក់ចេញទិសដៅភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការងារកសាងគណបក្សឲ្យកាន់តែរឹងមាំ ប្រសើរឡើង និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ខូយ លឹមហុង បានបញ្ជាក់ពីសារៈសំខាន់នៃការយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសាររបាយការណ៍ និងទិសដៅដែលបានដាក់ចេញ ដោយតម្រូវឲ្យក្រុមការងារចុះមូលដ្ឋាន បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការចូលរួមសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការរក្សាស្ថិរភាពនយោបាយ។
កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសសាមគ្គីភាព ការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តអនុវត្តភារកិច្ចតាមទិសដៅដែលបានកំណត់ ដើម្បីរួមចំណែកអនុវត្តជោគជ័យនូវគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។






