✍ការវិភាគរបស់ខ្ញុំ៖ ៧២ម៉ោងជាការសាកល្បង
ឈប់បាញ់ គ្រាន់តែជាឈ្នាន់នយោបាយមិនមែនចប់ការឈ្លានពាន។
✍បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជិតកន្លះខែ ការចំណាយផ្នែកយោធា និងធនធានរបស់ភាគីថៃលើសមរភូមិមានចំនួនមហាសាល ប៉ុន្តែលទ្ធផលមិនសម្រេចតាមគោលដៅដែលបានគ្រោងទុកឡើយ។ ក្នុងបរិបទនេះ ការដាក់ឱ្យមាន ៧២ម៉ោងសាកល្បងឈប់បាញ់ ត្រូវបានមើលឃើញថា ជាយុទ្ធសាស្ត្រពន្យាពេល និងជាឈ្នាន់នយោបាយ ដើម្បីបើកផ្លូវទៅកាន់កិច្ចចរចា ដោយជៀសវាងការបាក់មុខនៅលើឆាកអន្តរជាតិ។
ការវិភាគបញ្ជាក់ថា ភាគីថៃមានបំណងចរចាយូរមកហើយ ប៉ុន្តែមិនអាចបន្ទាបខ្លួនមកស្នើសុំដោយផ្ទាល់បាន ដោយសារតេជៈ និងសម្ពាធនយោបាយក្នុងប្រទេស។ ដូច្នេះ ការបន្តបង្កសម្ពាធយោធាលើកម្ពុជា គឺជាយុទ្ធវិធីមួយក្នុងការបង្ខំឱ្យកម្ពុជាបើកវេទិការចរចា។
✍ម្យ៉ាងវិញទៀត បរិបទនយោបាយក្នុងស្រុកថៃ ជាពិសេសការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឱ្យថៃមិនអាចអូសបន្លាយសង្គ្រាមបានយូរទៀតឡើយ ហើយចង់ឬមិនចង់ ត្រូវគោរពបទឈប់បាញ់កូឡាឡាំពួ ជាប្រការដាច់ខាត ទោះបីជាអាចមានការបង្កើតចង្វាក់ឡាំឡាវខ្លះក៏ដោយ។
ទោះយ៉ាងណា ការគោរពបទឈប់បាញ់ មិនមានន័យថា ការឈ្លានពាននឹងបញ្ចប់ជាអចិន្ត្រៃយ៍នោះទេ ប៉ុន្តែជាការថ្នមស្ថានការណ៍មុនបោះឆ្នោតប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ កម្ពុជាត្រូវប្រើឱកាសដ៏មានតម្លៃ ដើម្បីរៀបចំយុទ្ធសាស្ត្រការពារទឹកដីឱ្យបានមាំមួន និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ខណៈដែលកម្ពុជាមិនមានគោលការណ៍រំលោភប្រទេសណាមួយឡើយ។
✍សរុបសេចក្តីមក ៧២ម៉ោងឈប់បាញ់ គឺជាឈ្នាន់សម្រាប់ឆ្ពោះទៅកាន់កិច្ចព្រមព្រៀងកូឡាឡាំពួ ប៉ុន្តែអនាគតសន្តិភាពពិតប្រាកដ អាស្រ័យលើកម្លាំងសាមគ្គី និងការត្រៀមខ្លួនរឹងមាំរបស់កម្ពុជាផ្ទាល់ ព្រោះការពឹងផ្អែកលើអន្តរជាតិ ត្រឹមតែជាមុខមាត់ មិនអាចធានាយុត្តិធម៌ឱ្យអ្នកខ្សោយបានឡើយ។
បណ្ឌិត មាស ច័ន្ទរិទ្ធ



