✍បណ្ឌិត មាស ច័ន្ទរិទ្ធ
ប្រកាសញត្តិថ្កោលទោសការឈ្លានពានរបស់ថៃ។✍វាលវែង៖ បណ្ឌិត មាស ច័ន្ទរិទ្ធ នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍ ព្រមទាំងសមាជិកសមាជិកាទូទាំងប្រទេស បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពាន និងការបាញ់ប្រហារដ៏សាហាវរបស់យោធាថៃ មកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កងយោធាថៃបានប្រើប្រាស់អាវុធធុនតូច និងធុនធំ បាញ់ប្រហារដោយមិនរើសគោលដៅ បណ្តាលឱ្យប្រជាជនស៊ីវិលរងរបួស ផ្ទះសម្បែងខូចខាត និងបង្ខំឱ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនភៀសខ្លួនទៅកន្លែងសុវត្ថិភាព។
✍បណ្ឌិត មាស ច័ន្ទរិទ្ធ បានចោទប្រកាន់ថា ភាគីថៃបានរំលោភបំពានជាបន្តបន្ទាប់លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា–ថៃ ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស និងទាមទារឱ្យថៃទទួលខុសត្រូវចំពោះសកម្មភាពខុសច្បាប់ទាំងនេះ។
ជាមួយគ្នានេះ ភាគីអ្នកចេញញត្តិបានអំពាវនាវឱ្យថៃបញ្ឈប់អរិភាពជាបន្ទាន់ គោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
✍រៀបរៀងដោយបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។

