ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
សហគ្រាសក្នុងស្រុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
យុវជនជំនាន់ក្រោយគឺជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងការជំរុញនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន។ ដើម្បីចូលរួមពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ អ្នកគួរយល់ដឹងពីចំណុចសំខាន់ៗទាំងនេះ៖
សហគ្រាសគឺជាកម្លាំងចលករ៖ មិនថាខ្នាតតូច មធ្យម (SME) ឬខ្នាតធំនោះទេ សហគ្រាសក្នុងស្រុកគឺជាអ្នកបង្កើតការងារ បង្កើនចំណូលជាតិ និងកាត់បន្ថយការនាំចូលពីខាងក្រៅ។ ការគាំទ្រ និងការបង្កើតអាជីវកម្មក្នុងស្រុក គឺជាការជួយសេដ្ឋកិច្ចជាតិដោយផ្ទាល់។
បណ្តុះចំណេះដឹង និងនវានុវត្តន៍៖ ក្នុងយុគសម័យឌីជីថលនេះ យុវជនត្រូវខិតខំរៀនសូត្រ មិនត្រឹមតែចំណេះដឹងផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យផលិតផលខ្មែរមានគុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ស្មារតី (ខ្មែរជួយខ្មែរ) ចូរចាប់ផ្តើមពីការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ កាលណាអាជីវកម្មក្នុងស្រុករឹងមាំ សេដ្ឋកិច្ចជាតិក៏រឹងមាំ ដែលផ្តល់លទ្ធភាពឱ្យយើងអាចទប់ទល់នឹងរលកនៃវិបត្តិសេដ្ឋកិច្ចសកលបាន។
សីលធម៌ និងទំនួលខុសត្រូវ៖ ការធ្វើសហគ្រិនភាពមិនមែនមានតែគោលដៅប្រាក់ចំណេញមួយមុខនោះទេ ប៉ុន្តែត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងការចូលរួមចំណែកក្នុងកិច្ចការសង្គមធម៌ ដើម្បីកសាងសង្គមមួយដែលមានភាពសុខដុមរមនា។
សារដាស់តឿន៖
ការកសាងសហគ្រាសក្នុងស្រុកឱ្យរឹងមាំ គឺជាការការពារអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ។ ចូរយុវជនប្រែក្លាយចំណេះដឹង និងក្តីស្រមៃ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីមាតុភូមិយើង។
រៀបរៀងដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។








