✍ទស្សនៈអប់រំព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ (ចិត្តធ្ងន់ដូចផែនដី បារមីកើតពីការលះបង់)
នៅពេលដែលយើងឈានជើងឡើងកាន់តែខ្ពស់ ទាំងកិត្តិយស តួនាទី ឬភាពជោគជ័យ វាមិនខុសពីយើងកំពុងឈរនៅលើកំពូលភ្នំនោះទេ ដែលត្រូវតែប្រឈមមុខនឹង (ខ្យល់បក់បោក) យ៉ាងខ្លាំងពីគ្រប់ទិសទី។ ខ្យល់ទាំងនោះ អាចជាពាក្យរិះគន់ ការច្រណែនឈ្នានីស ឬការវាយប្រហារផ្សេងៗ។ដើម្បីរក្សាជំហរឱ្យនៅតែរឹងមាំ និងមានតម្លៃខ្ពង់ខ្ពស់ ពុទ្ធិអប់រំខ្លីៗចំនួន ២ ដែលត្រូវប្រកាន់ខ្ជាប់ រួមមាន៖។
✍ ធ្វើចិត្តឱ្យធ្ងន់ (អំណត់ និងខន្តី)៖ ពាក្យរិះគន់ខ្លះជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាត ចំណែកឯពាក្យអាក្រក់ខ្លះគ្រាន់តែជាខ្យល់កាត់បបូរមាត់។ ការមានចិត្តធ្ងន់ មិនតបតដោយកំហឹង គឺជារបាំងការពារដ៏រឹងមាំបំផុត។ មហាសមុទ្រអាចទ្រទ្រង់ទឹកភ្លៀងពីគ្រប់ទិសទីបាន ក៏ព្រោះតែវាមានជម្រៅជ្រៅ និងមានផ្ទៃធំធេង។
✍ ធ្វើបុណ្យដាក់ទាន (ការលះបង់ និងមេត្តា)៖ វិធីសាស្រ្តដែលល្អបំផុតក្នុងការឆ្លើយតបទៅនឹងភាពអវិជ្ជមាន គឺការសាងតម្លៃវិជ្ជមានត្រឡប់ទៅវិញ។ ការធ្វើបុណ្យ ទ្រទ្រង់សង្គម និងជួយសង្គ្រោះអ្នកទន់ខ្សោយ មិនត្រឹមតែជួយជម្រះចិត្តយើងឱ្យជ្រះស្រឡះ និងបង្កើតបារមីនោះទេ ប៉ុន្តែវាក៏ជាសក្ខីកម្មពិតប្រាកដដែលបង្ហាញពី (គុណធម៌) ខ្ពង់ខ្ពស់ជាងពាក្យសម្តីទាំងពួង។
👉 បណ្តាំក្រើនរំលឹក៖ (មាសទឹកដប់ មិនខ្លាចភ្លើងរោលរាល យ៉ាងណាមិញ មនុស្សមានគុណធម៌ និងចិត្តអំណត់ ក៏មិនរវីរវល់នឹងខ្យល់មាត់របស់អ្នកដទៃឡើយ)។ សេចក្តីល្អដែលយើងបានសាង នឹងក្លាយជាខឿនការពារយើងជានិរន្តរ៍។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។





