ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ
ផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបចម្រើនព្រះជន្មាយុ ៩០ យាងចូល ៩១ ព្រះវស្សា។រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមសប្បុរសធម៌ បានផ្ញើសារលិខិតក្រាបបង្គំថ្វាយព្រះពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសខួបចម្រើនព្រះជន្មាយុ ៩០ យាងចូល ៩១ ព្រះវស្សា។
ក្នុងសារលិខិតនោះ ឯកឧត្តមបណ្ឌិតបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ដែលជានិច្ចកាលតែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ និងការអភិវឌ្ឍជាតិ។ ឯកឧត្តមបណ្ឌិត បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំថ្វាយនូវព្រះពរជ័យសិរីមង្គលគ្រប់ប្រការជូន សម្តេចព្រះមហាក្សត្រី សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។











