✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមគ្រូបង្គោល និងសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព នៅខេត្តកំពង់ធំ✍ខេត្តកំពង់ធំ៖ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦។
✍ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង (ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា (HoKa) និង (ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព) នៅខេត្តកំពង់ធំ។
នៅក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យលើជំនាញសំខាន់ៗចំនួន ៤ រួមមាន៖ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ។ ការបណ្តុះបណ្តាលនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងតំបន់ និងជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ (ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព) ដែលជាយន្តការយុទ្ធសាស្ត្រក្នុងការជំរុញបរិស្ថានវិនិយោគ និងលើកកម្ពស់ស្មារតីសហគ្រិនភាពសម្រាប់ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តកំពង់ធំ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្មវិធីនេះនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតមុខរបរ ការបង្កើនផលិតភាព និងការកសាងភាពម្ចាស់ការដល់សហគ្រិនក្នុងស្រុក។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់លើការថែរក្សាគុណភាពនៃការបណ្តុះបណ្តាល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថាការអនុវត្តកម្មវិធីទាំងពីរនេះទទួលបានប្រសិទ្ធភាពខ្ពស់ និងផ្តល់ប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ និងជាសមាជិកក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ។













